
កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
បន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយក្រសួងផែនការ រៀបចំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដឹកអ្នកដំណើរ ដែលបានចុះឈ្មោះ និងមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការសម្របសម្រួលពី លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងដឹកនាំដោយ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរផែនការខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងរដ្ឋបាលក្រុង ស្រុកទាំង៩ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។









