
#សេចក្តីជូនដំណឹងស្តីពីការពញ្ញាក់ស្មារតីឱ្យប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះម្ចាស់យានយន្តដែលធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ ១៥៦D ចាប់ពីឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដល់ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
អ្នកនាំពាក្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានកិត្តិយស សូមជម្រាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ឆ្លងកាត់តាម កំណាត់ផ្លូវខេត្តលេខ ១៥៦០ មេត្តាជ្រាបថា៖ ចាប់តាំងពីរដូវវស្សាចូលមកដល់ មានភ្លៀងធ្លាក់ជោគជាំ ជាបន្តបន្ទាប់ ធ្វើឲ្យមានការប្រែប្រួលចរន្តទឹកស្ទឹងមង្គលបូរីហូរឡើងលឿន ហើយជម្រាលជើងទេរផ្លូវ ត្រូវបានហូរច្រោះ បណ្តាលឲ្យផ្លូវខេត្តខាងលើ បានប្រេះបាក់ស្រុតកាត់ផ្តាច់ចិញ្ចើម និងតួផ្លូវអស់មួយ ផ្នែកធំ ខាងឆ្វេងដៃ។ ក្រុមការងារមន្ទីរក៏បានចុះរៀបចំដាក់ផ្លាកសញ្ញា ភ្លើងសញ្ញា និងរបាំងការពារ សុវត្ថិភាពចរាចរណ៍ ត្រង់កំណាត់ផ្លូវដែលខូចខាត ដើម្បីរងចាំក្រុមការងារបច្ចេកទេសចុះសិក្សាលម្អិត និងជួសជុលឡើងវិញឲ្យបានទាន់ពេលវេលានាពេលខាងមុខ។











