
អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរំលឹកមន្ត្រីមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់លើការងារព័ត៌មាន និងសាធារណមតិ
ប៉ៃលិន៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ទោះបីស្ថានភាពទូទៅស្ថិតក្នុងភាពប្រក្រតីក្តី ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ចាប់ផ្តើមចេញពីការដឹងមុន និងការត្រៀមលក្ខណៈជានិច្ច។ ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូប។









