
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជោគជ័យធំ កើតចេញពីជោគជ័យតូចៗច្រើនផ្គុំគ្នា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការត្រៀមលក្ខណៈបានគ្រប់គ្រាន់របស់គ្រូ គឺជាជោគជ័យរបស់សិស្ស ព្រោះថាបើគ្រូកាន់តែស្រាវជ្រាវច្រើន កាន់តែទូលំទូលាយ កាន់តែមានគុណភាព យើងគិតថាការបណ្តុះបណ្តាលដែលមានគុណភាពធំគឺគ្រូ ខណៈដែលឧបករណ៍ និងសម្ភារៈគ្រាន់តែជាមធ្យោបាយបន្ទាប់បន្សំប៉ុណ្ណោះ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ (South-East Asia) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។









