
លោក ឃូ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ស្តីពីការអនុវត្ត «កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍» ក្រោមអធិបតីភាព លោក ឃូ ពៅ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងស្រុក តំណាងអាជ្ញាធរដែនដី លោក-លោកស្រីប្រធានការិយាល័យអប់រំ នាយក-នាយិកាសាលារៀន ព្រមទាំងតំណាងសហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធជាច្រើនរូប។









