
កិច្ចសន្យាផលិតកម្មស្រូវលើផ្ទៃដីជាង ១,៣០០ហិកតាធានាទីផ្សារ និងប្រាក់ចំណូលជូនកសិករមង្គលបូរី
បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--វិស័យកសិកម្មកម្ពុជាកំពុងបង្ហាញនូវរបត់វិជ្ជមានយ៉ាងច្បាស់លាស់ តាមរយៈការផ្លាស់ប្តូរពីការផលិតតាមទម្លាប់ មកជា ការផលិតបែបពាណិជ្ជកម្មមានកិច្ចសន្យាច្បាស់លាស់។ ជាក់ស្តែង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កម្មវិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី «ការផលិត និងផ្គត់ផ្គង់ស្រូវ» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម រវាង សហគមន៍កសិកម្មទំនើប ដំណាំស្រូវមង្គលបូរីជោគជ័យ ជាមួយ ក្រុមហ៊ុន ខ្មែរហ៊្វួតគ្រុប (Khmer Food Group) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។











