
អភិបាលស្រុកមង្គលបូរី ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងឃុំចំនួន៣ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រងប្រភពទឹកជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី អមដំណើរដោយ លោក មាន វិចិត្រ នាយករងរដ្ឋបាលស្រុក ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រ សំណង់ស្ទាក់ទឹកសំខាន់ៗ នៅក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកមង្គលបូរី។ គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីវាយតម្លៃពីកម្រិតកម្ពស់ទឹក ស្ថានភាពលំហូរទឹក និងពិនិត្យមើលលទ្ធភាពនៃសំណង់ធារាសាស្ត្រនានា ក្នុងការរក្សាជើងទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលកសិកម្មរបស់បងប្អូនប្រជាកសិករ ក៏ដូចជាការត្រៀមលក្ខណៈបង្ការ ទប់ស្កាត់ការលិចលង់ ឬកង្វះខាតទឹកជាយថាហេតុ ក្នុងរដូវវស្សានេះ។











