
គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ
បើយោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជម្រាបលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃទីស្នាក់ការកណ្តាល ICRC ថា លទ្ធផលស្រាវជ្រាវដែលទើបបញ្ចប់នៅភូមិចំនួន ៣៣៥ បានបង្ហាញពីទំហំដ៏ធ្ងន់ធ្ងរនៃការបំពុលដោយសំណល់យុទ្ធភណ្ឌរបស់យោធាថៃ។ តំបន់រងផលប៉ះពាល់ចំនួន ៥,៣៤៨ ពហុកោណ ត្រូវបានកំណត់លើផ្ទៃដីសរុប ៣,៨៧២ គីឡូម៉ែត្រការ៉េ ក្នុងនោះតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមមានរហូតដល់ ៣,៨៥៨ ពហុកោណ គ្របដណ្តប់ផ្ទៃដីជិត ២,៧០០ គីឡូម៉ែត្រការ៉េ។ តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីទំហំគ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរស់នៅជាមួយជារៀងរាល់ថ្ងៃ។










