
ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង
ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទដែលត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា ព្រះអគ្គមហេសីជ័យទេវី និងសេនាជំនិត៤នាក់ របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ បានបង្ហាញឱ្យដឹងថា រាជស្រិន្រ្ទកុមារ ជាព្រះរាជបុត្រឆ្នើម និងជាទីសព្វព្រះហទ័យរបស់ព្រះបាទជ័យវរ្ម័នទី៧ និងបានជំនួយពីសេនា ៤រូបគឺ៖ អជ៌ន ទេព វទ្ធននិង ស្រីធរ និងទាហានជាច្រើនទៀត បានច្បាំងនឹងរាហ៊ូ ដែលជាប្រផ្នូលនិមិត្តនៃជនអាក្រក់ និងបំបះបំបោរខ្មែរ សៀមនៅខេត្តលពបូរី (សព្វថ្ងៃខេត្តនេះស្ថិតនៅខាងលិច ក្រុងបាងកក ប្រទេសថៃ)។ រាហ៊ូ បានយារយី ព្រះជន្មព្រះស្រិន្ទ្រកុមារជាខ្លាំង តែត្រូវព្រះអង្គ និងសេនាបង្ក្រាបបាន។










