
ភ្នំជញ្ជាំង គឺជាតំបន់រមណីយដ្ឋានធម្មជាតិ វប្បធម៌ និងជាតំបន់បេតិកភណ្ឌធម្មជាតិមួយ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
នៅលើភ្នំនេះ យើងអាចមើលឃើញទិដ្ឋភាពក្រុងសិរីសោភ័ណទាំងមូល ព្រមទាំងទេសភាពវាលស្រែចម្ការដ៏ខៀវស្រងាត់ត្រជាក់ភ្នែក ភ្នំនេះមានល្អាងល្ខោន ល្អាងបោះឈូង ល្អាងក្រម៉ា ល្អាងប្រចៀវជាដើម កាលពីមុនធ្លាប់មានទឹកធ្លាក់លើភ្នំខួបប្រាំងខួបវស្សា(ឥលូវមានតិចនៅរដូវប្រាំង)។ ប្រជាជននៅទីនោះមានអបិយជំនឿថា ដោយកាលពីមុនអ្នកស្រុកនៅទីនោះធ្លាប់បានខ្ចីចាន(បារមី)និងមានសម្លេងភ្លេងពិណពាទ្យ រៀងរាល់ថ្ងៃសីល ចេញពីល្អាងភ្នំ។ សូមបញ្ជាក់ផងដែរថានៅទីនោះមានវត្តភ្នំជញ្ជាំងដែលជាកន្លែងជាទីគោរពបូជាដល់ព្រះពុទ្ធសាសនា។ភ្នំជញ្ជាំងមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចម្ងាយ៤គីឡូម៉ែត្រពីសាលាខេត្ត។











